មនុស្ស៦នាក់ ចេញសារភាពកំហុសបានកៀរគរពលរដ្ឋទៅចម្ការ ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព
ភ្នំពេញ៖ មនុស្ស ៦នាក់ បានចេញមកសារភាពកំហុសដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចម្ការទំហំ ១២ហិតា និង២៥ហិតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មនុស្សទាំង៦នាក់ ដែលចេញមកសារភាពនេះ រួមមាន៖ នី ចាន់ពិនិត្យ, ចិន ថុន, ឆឹយ ប៊ុនធឿន , ទូច ពុទ្ធសូរីដា, សួង គន្ធា និង សំ សីម៉ា។
ក្នុងកិច្ចសន្យាទទួលកំហុស អ្នកទាំង ៦នាក់ក៏បានប្រកាសឲ្យរំសាយការជួបជុំ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់លើដីចម្ការទាំងពីរទីតាំងខាងលើចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥កញ្ញា ឆ្នាំ២០២២នេះ ជាកំហិត ហើយបើក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញ សូមអាជ្ញាធរចាត់ការទៅតាម ផ្លូវច្បាប់។ អ្នកទាំង៦នាក់នេះ ក៏បានស្នើឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ចំពោះការបង្កបទល្មើសណាមួយក្នុងដីចម្ការខាងលើនេះ។ ពួកគេក៏បានសន្យាមិនឃោសនាផ្សព្វផ្សាយណាមួយ ឬទទួលឱ្យប្រជាពលរដ្ឋចូលទៅរស់នៅលើដីចម្ការខាងលើដោយខុសច្បាប់ទៀតនោះឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១សីហាម្សិលមិញ បានផ្តល់ឱកាសដល់មេចលនានៃការប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការខាងលើ ដោយមិនប្រើកងកម្លាំងទៅបំបែកការជួបជុំ ឬវិធានការច្បាប់អ្វីនោះឡើយ។ សម្តេចតេជោ បានផ្តល់លទ្ធភាពដល់ពួកគេរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ សម្តេចថែមទាំងបានណែនាំអាជ្ញាធរត្រៀមរថយន្ត និងស្បៀងអាហារ ដឹកប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានពួកគេវិញថែមទៀតផង៕