ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្ដម មីកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះ ចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។
ឯកអគ្គរាជទូតជប៉ុន បានលើកឡើងយ៉ាងដូច្នេះក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះនូវវិបត្តិមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការ ដែលមកដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិត និយោជក និងប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និងស្វែងរកបាននូវឱកាសការងារថ្មី។
នាឱកាសនោះដែរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់ និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀតផងដែរ៕