រដ្ឋមន្ត្រីក្រសួងសាធារណការ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងធ្វើផ្លូវដែកថ្មី ភ្ជាប់ពីភ្នំពេញទៅហូជីមិញ
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យលើគម្រោងសាងសង់ផ្លូវដែកថ្មីដែលភ្ជាប់ពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល លឿន ដែលលើកស្ទួយដល់កំណើនសេដ្ឋកិច្ច។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាមនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ឯកឧត្តម មានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវដែក ពិតជាមានសារសំខាន់ គឺជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផង។ ជាមួយគ្នានេះដែរក៏ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងនិស្សិតរវាងប្រទេសទាំងពីរផងដែរ៕