គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​  លើកទឹកចិត្ត​ដល់​អ្នក​ថតរូប​បន្ត​ផ្ដិតយករូបភាពស្អាត​ៗនៅកម្ពុជា ដើម្បី​ផ្សព្វផ្សាយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០​ |
    រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​  លើកទឹកចិត្ត​ដល់​អ្នក​ថតរូប​បន្ត​ផ្ដិតយករូបភាពស្អាត​ៗនៅកម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​  លើកទឹកចិត្ត​ដល់​អ្នក​ថតរូប​បន្ត​ផ្ដិតយករូបភាពស្អាត​ៗនៅកម្ពុជា ដើម្បី​ផ្សព្វផ្សាយ​

    ភ្នំពេញ ៖ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម សាយ សំ​អាល់ បាន​លើក​ទឹកចិត្ត​ដល់​អ្នក​ថតរូប​ទាំងអស់ ​បន្ត​ចូលរួម​ផលិត​រូបភាព​ស្អាតៗ​ នៅតាម​តំបន់​ធម្មជាតិ​នានា​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ។

    ការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន រៀបចំឡើង នាល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ នាអគារ«ខេមរានី» ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

    ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់អ្នកថតរូបទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្តពេលវេលានិងថវិកាដើម្បីជួយផ្សព្វផ្សាយពីសក្ដានុពលដ៏អស្ចារ្យនៃប្រទេសកម្ពុជា។

    ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា នេះជាការបង្ហាញពីស្មារតីស្នេហាជាតិមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលពោពេញដោយសមត្ថភាព និងទេពកោសល្យ តាមរយៈការផលិតនូវរូបភាពស្អាតប្រណិត ដើម្បីបង្ហាញបន្តជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានឃើញពីភាពអស្ចារ្យនៃសម្រស់តំបន់ធម្មជាតិរបស់កម្ពុជា។

    លើសពីនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា តាមរយៈរូបភាពកន្លងមករបស់អ្នកថតរូបកម្ពុជា ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលធម្មជាតិជូនសារធារណជន ហើយសកម្មភាពនេះក៏បានបង្ហាញពីការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ ដោយផ្តោតលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

    ក្នុងកម្មវិធីដដែលនេះ ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ដែរថាក្រសួងនឹងពង្រឹងកិច្ចការងារអភិរក្សតំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរតាមរយៈមន្រ្តីឧទ្យានុរក្ស ហើយឯកឧត្តមក៏សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបបង្ហាញភាពស្រឡាញ់ចំពោះតំបន់ការពារធម្មជាតិរបស់យើង និងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា។

    សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន នាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ជូនបណ្ណសសើរមេត្រីភាពបរិស្ថាន ជូនដល់ថតរូបជាច្រើននាក់ និងបានពិសាអាហារសាមគ្គីរួមគ្នាផងដែរ៕

    អត្ថបទទាក់ទង