គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រយៈពេលមួយខែតុលា មានយានយន្តជិត ៤៤ម៉ឺនគ្រឿងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    រយៈពេលមួយខែតុលា មានយានយន្តជិត ៤៤ម៉ឺនគ្រឿងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលមួយខែតុលា មានយានយន្តជិត ៤៤ម៉ឺនគ្រឿងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

    រយៈពេលមួយខែតុលា នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន​ភ្នំពេញ-​ក្រុងព្រះសីហនុ មានយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿងធ្វើចរាចរណ៍ ។

    បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ក្នុងរយៈពេល៣១ថ្ងៃ នៃការបើក​ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺន​គ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់​សាកល្បង​ដោយឥតគិតថ្លៃ​មួយខែនេះ មាន​ករណីប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុបចំនួន ១២៩១ខ្សែ បាន​ធ្វើការ​ទាក់ទងទៅកាន់លេខ ១៣៩៩ ដែលជាលេខទូរស័ព្ទសង្គ្រោះរបស់ក្រុមហ៊ុន។

    សូមជម្រាបជូនថា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានផ្តើមគិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក តទៅហើយ។ ចំពោះ​សេវា​ធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។  ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់អ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌ​ក្នុងការបើកបរ​លើផ្លូវ​ល្បឿនលឿន​នេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើ​ដំណើរប្រកប​ទៅដោយ​ភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

    អត្ថបទទាក់ទង