បទវិចារណកថា៖ សហរដ្ឋអាមេរិក ប្រើអំណាចតុលាការតាមឆន្ទៈដើម្បីចាប់ខ្លួន មន្ត្រីនៃប្រទេសផ្សេងទៀត
លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះបានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិនបានរង់ចាំលោកស្រីនៅលើកម្រាលព្រំនៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV បានបន្តរហូតដល់រយៈពេល ៦ ម៉ោង ហើយទាក់ទាញអ្នកទស្សនាជាង ៨៣ លាននាក់ ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេលត្រៀមធ្វើដំណើរចេញពីទីក្រុង ហុងកុងទៅកាន់ទីក្រុង ម៉ិចស៊ីក នៅអាកាសយាន្តដ្ឋានអន្ដរជាតិទីក្រុង Vancouver លោកស្រី Meng ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ កាណាដា តាមសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។ ការពិតលោកស្រី ត្រូវបានតុលាការសហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួន តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ។ ដោយយោងតាមរដ្ឋអាជ្ញាតុលាការកាណាដា លោកស្រី Meng ត្រូវបានចោទប្រកាន់ពីបទបោកបន្លំស្ថាប័នអន្ដរជាតិជាច្រើនកន្លែង។
ប៉ុន្តែទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន។ ប្រពន្ធ័ផ្សព្វផ្សាយរដ្ឋចិនបានលើកឡើងថា លោកស្រី Meng គឺជាជនរងគ្រោះដោយគ្មានកំហុសនៃ “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ” ដោយសហរដ្ឋអាមេរិកដើម្បីកម្ទេចឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗរបស់ចិន ។
ក្រោយត្រលប់មកដល់មាតុប្រទេសវិញនាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បានបង្ហាញការដឹងគុណចំពោះប្រទេសចិន, គណបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលចិនដែលបានចូលរួមចំណែកធ្វើឱ្យលោកស្រីមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ឃុំនៅក្នុងផ្ទះនៅឯប្រទេសកាណាដា អស់រយៈពេលជាង ៣ឆ្នាំមកនេះ។
ថ្លែងនៅលើយន្ដហោះក្នុងដំណើរផ្លូវឆ្ពោះមកកាន់ប្រទេសចិន លោកស្រី Meng Wanzhou បានបញ្ជាក់បន្ថែមដូច្នេះថា «បើគ្មានប្រទេសដ៏ខ្លាំងមួយទេ ម្ល៉េះខ្ញុំប្រហែលជាមិនត្រូវបានដោះលែងឡើយ»។
សម្រាប់ទីក្រុងប៉េកាំង ការវិលត្រឡប់របស់លោកស្រី Meng Wanzhou មកកាន់ប្រទេសចិនវិញ បន្ទាប់ពីការធ្វើបត្យាប័នជាយូរមកហើយជាមួយសហរដ្ឋអាមេរិក ត្រូវបានអបអរ និងចាត់ទុកជាជ័យជម្នះដ៏ធំធេងមួយ ។
ដោយឡែក ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួននៅអាមេរិក បើតាមក្រសួងកសិកម្ម បានបញ្ជាក់ថា តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ លោក គ្រី ម៉ះផល ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។
ក្រោយការឃាត់ខ្លួនលោក គ្រី ម៉ះផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញា សាយតេស។ ក្រសួងកសិកម្មបានចាត់ទុកថា វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែលលោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
ទន្ទឹមនេះ ក្រសួងកសិកម្មអះអាងថា នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។ សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅកប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ យ៉ាងណាមិញ សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។
ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។
ករណីនេះក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញានឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែល បំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។ កម្ពុជាតាមរយៈក្រសួងការបរទេស បានទាមទារឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គ្រី ម៉ះផល ជាបន្ទាន់ និងអនុញ្ញាតឱ្យលោកស្នាក់នៅក្នុងស្ថានទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន អំឡុងពេលរង់ចាំការកាត់ទោសនៅតុលាការ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កំពុងសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ដោយសាររឿងចោទប្រកាន់ករណីជួញដូរសត្វស្វានោះផងដែរ។
ថ្លែងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជម្រាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៉ីងតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង។ ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះ »។
គួរបញ្ចាក់ថា ក្រុមអ្នកជំនាញនយោបាយកម្ពុជាមួយចំនួនបានលើកឡើង ការឃាត់ខ្លួននេះ គឺរឿងគួរឱ្យហួសចិត្តជាទីបំផុត ដែលលោកត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការល្អបែបនេះ។
អ្នកជំនាញនយោបាយកម្ពុជាជាច្រើនលើកឡើងដូឆ្នេះថា ប្រសិនបើលោក គ្រី ប៉ះផល មិនមានកំហុសមែននោះ យើងសង្ឃឹមថារដ្ឋាភិបាល និងតុលាការអាមេរិក និងរកយុត្តិធម៌ជូនមន្ត្រីកម្ពុជារបស់យើង ដើម្បីវិលត្រឡប់មកកាន់មាតុប្រទេសវិញឲ្យបានឆាប់រហ័ស សូមកុំឱ្យដូចពាក្យគេនិយាយថា រដ្ឋាភិបាលនិងតុលាការអាមេរិកប្រើអំណាចផ្ទាល់ខ្លួន និងតែងតែចាប់មន្ត្រីបម្រើការនៅប្រទេសនានាដែលមិនជារណបរបស់ខ្លួន៕