ទស្សនៈមិត្តអ្នកអានៈ «សម រង្ស៊ី ៖ ពីមេដឹកនាំបក្សនយោបាយទៅជាមេឧទ្ទាមក្រៅច្បាប់ដ៏ឯកោបំផុត»
បច្ចុប្បន្ននេះ បុគ្គលម្នាក់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណៈមតិជាតិនិងអន្តរជាតិ ស្គាល់ច្បាស់គ្រប់គ្នាថាជាមេដឹកនាំឧទ្ទាមម្នាក់ដែលឯកោបំផុត ពីព្រោះទាំងអ្នកធ្លាប់គាំទ្រនៅក្នុងស្រុកនិងក្រៅប្រទេសអស់ជំនឿ និងភាគច្រើនបំផុតបានងាកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ខណៈដែលសាធារណៈមតិអន្តរជាតិក៏លែងរវីរវល់ជាមួយបុគ្គលរូបនេះទៀតដែរ។
បច្ចុប្បន្ន បើគេនិយាយពីបក្សប្រឆាំង គ្មានប្រទេសណា ឬឯកអគ្គរដ្ឋទូតប្រទេសណាបាននិយាយពីឈ្មោះ សម រង្ស៊ី ទៀតឡើយ។ ភាពឯកោនេះពិតជាបណ្តាលមកពីការដាក់ចេញនូវ «នយោបាយជីករណ្តៅកប់ខ្លួនឯង» ដ៏ងងឹតងងុលបំផុតរបស់បុគ្គលរូបនេះ។ តើអ្វីជានយោបាយជីករណ្តៅកប់ខ្លួនឯង របស់ សម រង្ស៊ី?
ទី១៖ គឺមកពីបុគ្គលដែលពោរពេញទៅដោយអស្មិមានៈរូបនេះបានប្រែក្លាយខ្លួនពីអ្នកនយោបាយទៅជាមេដឹកនាំឧទ្ទាមក្រៅច្បាប់។ ការអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយពីកម្ពុជាគឺជាអត្តសញ្ញាណដំបូងរបស់សម រង្ស៊ីដែលធ្វើឲ្យសាធារណៈមតិជាតិនិងអន្តរជាតិហួសចិត្តដ្បិតគេមិនដែលបានឃើញថា មានអ្នកនយោបាយណាដែលធ្វើ នយោបាយដើម្បីបំផ្លាញជាតិនិងប្រជាជនខ្លួនឯងបែបនេះ។
ផ្តើមចេញពីនយោបាយដ៍ឆ្កួតលេលាបែបនេះហើយបានជាសហគមន៍អន្តរជាតិបានដកសេចក្តីទុកចិត្តជាបន្តបន្ទាប់រហូតដល់គ្មានអ្នករាប់រកទៀតឡើយ។
ទី២៖ការអំពាវនាវឲ្យមហាជនក្រោកឈរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោតតាមបែបប្រជាធិប្បតេយ្យរហូតដល់ហ៊ានបំពានទាំងកំរោលនូវរដ្ឋធម្មនុញ្ញដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នយោបាយបែបនេះ ពិតជាបានធ្វើ ឲ្យសហគមន៍អន្តរជាតិកាន់តែលែងហ៊ានទៅក្បែរពីព្រោះគេយល់ឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនប្រជាធិបតេយ្យក្លែងក្លាយ។ ជាធម្មតា អ្នកប្រជាធិបតេយ្យតែងតែជំរុញឲ្យមានការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំដោយគោរពឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត តែផ្ទុយទៅវិញ សម រង្ស៊ី បែរជាជ្រើសរើសយក
«ផ្លូវកាត់ – Shortcut» ចង់ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតទៅវិញ។
ទី៣៖ សម រង្ស៊ី បានជេរប្រមាថ ព្រះមហាក្សត្រដោយគ្មានញញើតតាមរយៈការប្រើពាក្យសម្តីគ្រោតគ្រាតគ្រប់បែបយ៉ាងដែលគ្មាននរណាអាចទទួលយកបាននោះឡើយ ។ រង្ស៊ី មិនយល់ទេថា ក្នុងសង្គមកម្ពុជា
ប្រជាពលរដ្ឋគោរពព្រះមហាក្សត្រយ៉ាងណា? តែបុគ្គលនេះ បែរជាដៀលព្រះមហាក្សត្រកប់ៗមាត់ ដោយបំពានរដ្ឋធម្មនុញ្ញយ៉ាងកំរោលបំផុត។ នេះជាហេតុផលដែលសកម្មជន អ្នកគាំទ្រនិងមនុសជុំវិញខ្លួនជាច្រើនបាត់បង់អស់អស់ជំនឿលើបុគ្គល រង្ស៊ីនេះ។ ចំណែកឯសហគមន៍អន្តរជាតិវិញ គេក៍បានស្គាល់និងយល់ច្បាស់អំពី ច្បាប់កម្ពុជាដែលការពារព្រះមហាក្សត្រមិនអាចឲ្យនរណាប៉ះពាល់បាន។ ម្យ៉ាងវីញទៀត ពួកគេធ្វើការជាមួយ
រដ្ឋាភិបាលកម្ពុជាដោយមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ ដូច្នេះ ការជេរប្រមាថព្រះមហាក្សត្រពីសំណាក់បុគ្គល រង្ស៊ីនេះ បាននាំឲ្យសហគមន៍អន្តរជាតិរង្គាសចិត្ត យ៉ាងខ្លាំងនិងលែងហ៊ានទំនាក់ទំនងឬនិយាយពីឈ្មោះនេះទៀតឡើយ។
ទី៤៖ សម រង្ស៊ី ដោយហេតុតែខ្លួនគ្មានសមិទ្ធផលអ្វីមកបង្ហាញដល់ពលរដ្ឋម្ចាស់ឆ្នោត ម៉្លោះហើយមានតែការប្រើវិធីវាយប្រហារបង្ខូចបង្កាច់និងលាបពណ៍គណបក្សប្រជាជនកម្ពុជា ជាពិសេសមួលបង្កាច់ ប្រមាថលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីទាក់ទាញការចាប់អារម្មណ៍។ នយោបាយបែបនេះ ពិតជាលែងមានប្រសិទ្ធភាពទៀត ហើយដោយសារតែពលរដ្ឋ ក៏ដូចជាសហគមន៍អន្តរជាតិ បានសង្កេតនិងមើលឃើញយ៉ាងច្បាស់ថា អ្វីដែលបុគ្គលរូបនេះបាន និយាយរឺសរសេរគឺ សុទ្ធតែផ្ទុយទៅនឹងអ្វីដែលបាននិងកំពុងកើតមានឡើងនៅ លើទឹកដីកម្ពុជា ជាពិសេស គឺការរីកចំរើនរបស់សង្គមជាតិនិងជីវភាពរបស់ប្រជាជន។
ទី៥៖ ដោយហេតុតែសារធាតុជាអ្នកនយោបាយជ្រុលនិយម និងដោយសារតែស្ថានភាពបានរុញច្រានឲ្យធ្លាក់ក្នុងសភាពឯកោអនាថាកាន់តែខ្លាំង សម រង្ស៊ី បានធ្វើខ្លួនជាមេដឹកនាំឧទ្ទាមយ៉ាងចំហ ដោយខំស្រែកម្នាក់
ឯងទាំងមិនដឹងទិសតំបន់។ ដោយគ្មាននរណាស្តាប់ និងគ្មាននរណាហ៊ានទៅក្បែរទៀត សម រង្ស៊ី ក៍ខំសរសេរអត្ថបទមួយចុះផ្សាយតាមកាសែតជាភាសាបារាំងមួយនៅស្រុកថៃឈ្មោះ La Gavroche ដោយនិយាយមួលបង្កាច់នាយករដ្ឋមន្ត្រីកាន់អំណាចខុសពីការពិតទាំងស្រុង។ ប្រហែលជាភាន់ភាំងស្មារតីខ្លាំងហើយទើបបានជាសម រង្ស៊ី សរសេរថា ការស្ថិតនៅក្នុងអំណាចបានយូររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដោយសារតែការដឹកនាំគ្មានគោលការណ៍និងគ្មានទស្សនៈវិស័យ។
អានសំណេររបស់បុគ្គលឯកោនេះទៅ ពិតជាគួរឲ្យអស់សំណើចណាស់ពីព្រោះបើគ្មានគោលការណ៍ និងគ្មានទស្សនៈវិស័យវែងឆ្ងាយទេនោះ តើមានមេដឹកនាំណាដែលអាចស្ថិតក្នុងអំណាចបានរហូត ដល់ជាង៣៨ឆ្នាំ? ក្រៅពីនោះ អត្ថបទដ៏វែងអន្លាយរបស់បុគ្គល រង្ស៊ីនេះ មានលក្ខណៈបំភ្លៃអំពីស្ថានភាពពិតនៅកម្ពុជាទាំងស្រុង ជាពិសេសការមួលបង្កាច់ថា«ការអភិវឌ្ឍសុទ្ធតែក្លែងក្លាយ»។ សម រង្ស៊ី ត្រូវចងចាំថា «ខ្លួនគាត់ម្នាក់ឯង មិនអាចបិទបាំងភ្នែកប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ និងសហគមន៍អន្តរជាតិអំពីស្ថានការណ៍ពិតនៅកម្ពុជាបាននោះឡើយ» ពីព្រោះទាំងពលរដ្ឋខ្មែរ និងជនបរទេសបានស្គាល់កម្ពុជាច្បាស់និងបានរស់នៅលើទឹកដីកម្ពុជាក៏ដូចជាបាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាជារៀងរាល់ថ្ងៃ។
សរុបមកវិញ សម រង្ស៊ី ពេលនេះកំពុងឯកាខ្លាំងណាស់ ហើយខំប្រឹងព្រុសទាំងលែងដឹងខុសត្រូវ ជាពិសេស បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស «កម្ចាត់ចោលនយោបាយជ្រុលនិយមពីសង្គមកម្ពុជា» បញ្ហានេះបានធ្វើឲ្យគេគ្រប់គ្នាទាំងសាធារណៈមតិជាតិនិងអន្តរជាតិ មើលឃើញថា រង្ស៊ីពិតជាមេដឹកនាំឧទ្ទាមក្រៅច្បាប់ដ៏ឯកាម្នាក់ដោយសារតែនយោបាយជីករណ្តៅកប់ខ្លួនឯង ។
ដោយ: អ្នកនយោបាយតុកាហ្វេ