រដ្ឋបាលរាជធានីបញ្ចេញរថយន្ត៧០គ្រឿង និងរឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង ដើម្បីសម្អាតទីក្រុង
ក្រុមកម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្មជាច្រើនថ្ងៃហើយ ដោយមិនព្រមចេញប្រមូលសំរាមនៅក្រុងភ្នំពេញនោះទេ ជាហេតុធ្វើឱ្យសំរាមគរ និងនៅពាសវាលពាសកាលលើដងផ្លូវ ដើម្បីដោះស្រាយបន្ទាន់លើការប្រមូលសំរាម រដ្ឋបាលរាជធានីបានបញ្ចេញរថយន្ត៧០គ្រឿង និងរឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង ដើម្បីសម្អាតទីក្រុង។
ជិតមួយសប្ដាហ៍ហើយ ដែលកម្មករក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួន ហើយមិនព្រមចេញទៅប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះជាអាជ្ញាធរ និងខាងដោះស្រាយវិវាទនៃក្រសួងការងារព្យាយាមប្រជុំពន្យល់ និងដោះស្រាយក៏ដោយ នេះហើយដែលបណ្ដាលឱ្យសំរាមត្រូវបានពលរដ្ឋយកទៅចោល និងគរនៅតាមដងផ្លូវ ដែលអាជ្ញាធរតាមមូលដ្ឋានខិតខំប្រមូលក៏មិនទាន់សភាពការណ៍នៃការបញ្ចេញសំរាមនេះ។ ដូច្នេះហើយ និងជាដំណោះស្រាយបន្ទាន់ នៅថ្ងៃទី៦ ខែតុលានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចបញ្ចេញរថយន្តប្រមូលសំរាមដែលទេីបទិញ និងមកដល់ថ្មីចំនួន៧០គ្រឿង និងរឺម៉ក់ម៉ូតូរាប់សិបគ្រឿង រួមជាមួយកម្លាំងសន្តិសុខសណ្តាប់ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តិការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដែលកន្លងមករដ្ឋបាលរាជធានីបាប្រើរថយន្តប្រមូលសំរាមចំនួន៤៩គ្រឿង និងរឺម៉ក់ម៉ូតូតាមបណ្ដាខណ្ឌ និងផ្សារចូលរួមចេញប្រមូល។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញសព្វថ្ងៃមានសំរាមប្រមាណ ២៥០០តោនក្នុងថ្ងៃ ដែលត្រូវប្រមូល និងដឹកយកទៅចាក់នៅទីលានចាក់សំរាម៕
អត្ថបទទាក់ទង