ក្រសួងការបរទេស ច្រានចោលការព្រួយបារម្ភពីស្ថានទូតបរទេសមួយចំនួននៅកម្ពុជា ចំពោះការដកអាជ្ញាបណ្ណវិទ្យុ VOD
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា ការអះអាងថាជា សារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការផ្សាយ ព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍ នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ មាត្រា១០(ខ) នៃច្បាប់នេះ ចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ ដែលច្បាប់ហាមឃាត់»។
អ្នកនាំពាក្យបន្តថា ការអះអាងថាជា «សារព័ត៌មាន សេរី និង ឯករាជ្យ» មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារកិច្ចទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺ សារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។ ចំណាត់ការចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈ មិនធ្វើឱ្យចុះខ្សោយនូវសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ ផ្ទុយទៅវីញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។
អ្នកនាំពាក្យបន្តថា ការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន គឺស្មើនឹងការរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)។ ជាតំណាងឱ្យប្រទេសមានអរិយធម៌ និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»៕