រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ
ភ្នំពេញ៖ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វ៉ាង យី នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ឯកឧត្ដម វ៉ាង យី នឹងមានជំនួបប្រជុំផ្លូវការជាមួយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់២ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ចផ្លូវការរស់ ឯកឧត្ដម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គី ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ១៩ ដែលពុំធ្លាប់មានពីមុន៕