ឯកឧត្ដម លឹម គានហោ ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្ដស្ទឹងព្រែកត្នោត ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ៖ កាលពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០,៥០ ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែមបង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។
សូមបញ្ជាក់ថា ស្ថានភាពទឹកនៅបន្តឡើងបន្ថែមទៀត តែមិនទាន់មានអ្វីដែលជាការយាយីដល់រាជធានីភ្នំពេញនៅឡើយទេ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងបានធ្វើការបិតរូងនាគជាច្រើនកន្លែងនៅតាមតួទំនប់ និងយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង អស់រយៈពេលជាង១សប្តាហ៍មកហើយ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ៕