សម្តេចក្រឡាហោម ជំរុញឲ្យគណៈមេធាវីបង្កើនការដោះស្រាយបណ្តឹងជូនដល់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការជំរុញដល់ក្រុមប្រឹក្សា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវបង្កើនសមត្ថភាពដោះស្រាយពាក្យបណ្តឹងជូន ដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យបានល្អប្រសើបន្ថែមទៀត។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង នេះគឺបានធ្វើឡើង នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សម្តេចមានការគាំទ្រជាខ្លាំងចំពោះសកម្មភាពមេធាវី ដែលបានខិតខំជួយរកដំណោះស្រាយ(ការពារក្តី)ឲ្យបងប្អូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ដោយពេលខ្លះ មិនបានគិតគូរអំពីថវិកា និងផលប្រយោជន៍ផ្សេងៗនោះ។ យ៉ាងណាក៏ដោយ សម្តេច បានជំរុញ ដល់ក្រុមប្រឹក្សាគណៈមេធាវីទាំងអស់បង្កើនសកម្មភាព និងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងកិច្ចការជួយដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋក្រីក្រឲ្យបានច្រើនបន្ថែមទៀត ដោយមិនចាំបាច់គិតអំពីនិន្នាការ និងសាសនាអ្វីជាដើមនោះ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់ក្រុមគណៈមេធាវីទាំងអស់ គប្បីជួយមើល និងតាមដានគ្រប់ពន្ធនាគារនៅទូទាំងប្រទេសផងដែរ ខណៈជនសង្ស័យខ្លះគាត់មិនមានមេធាវី ពឹង ពាក់ និងការពារក្តីជូនគាត់ហើយបានធ្វើឲ្យសំណុំរឿងរបស់គាត់បង្អាប់យូរ ដែលកត្តានេះបានធ្លាប់មានច្រើនហើយ នាពេលកន្លងទៅ៕ ប្រភព៖ BTVNews