គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល​​ ប្រកាស​សមាសភាព ក្រុម​មេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោសែន​ថ្មីចំនួន​ ៧១រូប​បន្ថែម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |
    ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល​​ ប្រកាស​សមាសភាព ក្រុម​មេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោសែន​ថ្មីចំនួន​ ៧១រូប​បន្ថែម ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល​​ ប្រកាស​សមាសភាព ក្រុម​មេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោសែន​ថ្មីចំនួន​ ៧១រូប​បន្ថែម

    ភ្នំពេញ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានមេធាវីស្ម័គ្រចិត្ត​សម្តេចតេជោ​សែន បានចេញសេចក្តីសម្រេច​ ស្តីពី​ការ​កែ​សម្រួល​សមាសភាព និងជ្រើសតាំងបន្ថែម ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដោយបន្ថែមថ្មីចំនួន ៧១រូប ដែលធ្វើឲ្យសមាសភាព កើតឡើងសរុបចំនួន១៣៨រូប។ នេះបើតាមសេចក្តីសម្រេច របស់​ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃនេះ​។

    នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក គី តិច បានប្រកាស​សមាសភាព​សមាជិក​ក្រុម​មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ទាំង៧១រូប ដើម្បីឆ្លើយតបនឹងតម្រូវការ ការពារ​ស្វែង​រក​យុត្តិធម៌ ដល់កូនក្តីរបស់ខ្លួន ដែលជាស្ត្រីក្រីក្រ។ ពិធីប្រកាសសមាសភាព សមាជិក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេចតេជោសែនថ្មីនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី។

    សូមជំរាបថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានជួប​សម្ភាសន៍ និងសេវាផ្តល់យោបល់ផ្នែកច្បាប់ ជូនដល់ស្ត្រីក្រីក្ររងគ្រោះ ខ្វះការការពារ​សិទ្ធិតា​ម​ផ្លូវ​ច្បាប់​ នៅតាមបណ្តាខេត្ត-ក្រុង សរុបមានចំនួន ១,៩៣២ករណី។ នៅក្នុងឆ្នាំ២០១៩ សំណុំ​រឿង​ទាំង​ ១,៩៣២ករណី ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បាន​សម្រេច​ទទួល​យក​ការពារ​តាមនីតិវិធី ចំនួន ៥២ករណី ហើយក្នុងចំណោមសំណុំរឿងទាំង ៥២ករណី ក្រុម​មេធាវី​បាន​ចាត់​ការតាមនីតិវិធី បានចំនួន ២៤ករណី។

    គោលបំណងចម្បង ដែលសម្តេចតេជោសែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេច​បានគិតគូ​យ៉ាង​ល្អិតល្អន់ ក្នុងគោលដៅជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេស​ដែល​ត្រូវ​បាន​បាត់​បង់សិទ្ធិ ពុំមានការការពារតាមផ្លូវច្បាប់។ ក្នុងនោះចំពោះ​ទណ្ឌិត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និងជនត្រូវចោទ ដែលបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ក៏ត្រូវ​បាន​គិតគូរ​យ៉ាងយកចិត្តទុកដាក់ផងដែរ៕ ប្រភព៖ FreshNews