សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ថ្លែងអំណរព្រះរាជគុណសម្ដេចម៉ែ ដែលព្រះអង្គព្រះរាជទានព្រះរាជទ្រព្យ ៣០០០ដុល្លារ ដល់កាកបាទក្រហម សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៣០០០ ដុល្លារ ជាអំណោយរបស់ជំទាវ សរ សាវរ៉ុត ជូនចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ឆ្នាំ២០២០។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា បានសំដែងនូវសេចក្តីរីករាយ ដោយបានទទួលអំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវថវិកាចំនួន ៣០០០ USD (បីពាន់ដុល្លារអាមេរិក) ជាអំណោយរបស់លោកជំទាវ សរ សាវរ៉ុត សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។
សារលិខិតបានបន្តថា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សម្តេចបានសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា និងសូមថ្លែងអំណរគុណ លោកជំទាវ សរ សាវរ៉ុត ដែលបានជួយឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ៕