នាយឧត្តមសេនីយ៍ សៅ សុខា មានមោទនភាពពេលកម្ពុជាមានទីតាំងហ្វឹកហ្វឺនធំ ទំហំជាង ៥ពាន់ហិកតា
កំពង់ឆ្នាំង៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញមោទនភាពពេលប្រទេសកម្ពុជា មានកន្លែងហ្វឹកហ្វឺនដ៏ធំ ប្រើប្រាស់ដីជាង ៥ពាន់ហិកតា នឹងប្រើប្រាស់ថវិការាប់សិបលានដុល្លារ ជាថវិការបស់រដ្ឋ និងការចូលរួមរបស់សប្បុរសជន ដែលមានទីតាំងនៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាយឧត្ដមសេនីយ៍ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសទទួលស្វាគមន៍ប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច។ ក្នុងដំណើរនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា,ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងឧកញ៉ា លី ហួរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ការយកថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណាយលើការសាងសង់នេះ មានតម្លាភាពត្រឹមត្រូវ ហើយសំណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់ផងដែរ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងដែរថា មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងជួយពង្រឹងដល់សមត្ថភាពរបស់កងទ័ពទាំងអស់ ព្រោះទីតាំងនេះមិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ ពោលសម្រាប់ កងយោធពលខេមរភូមិន្ទទាំងមូលតែម្ដង ហើយនៅពេលអនាគត មជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលអាចជួយកងទ័ព កាន់តែមានសមត្ថភាពក្នុងការបំពេញបេសកកម្មការពារជាតិ និងសង្គ្រោះប្រជាពលរដ្ឋជាដើមនោះ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយនេះ ប្រើប្រាស់ផ្ទៃដីប្រមាណជាង ៥០០០ហិកតា ហើយដំណើរការសាងសង់រហូតមកដល់ពេលនេះ សម្រេចបានតាមផែនការដែលគ្រោងទុក ហើយនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២២ខាងមុខនេះ ហើយមជ្ឈមណ្ឌលនេះក៏ជាកន្លែងសម្រាប់ធ្វើការប្រឡងបាញ់គ្រាប់ពិតអាស៊ាន ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមផងដែរ៕