ជំនន់ទឹកភ្លៀង បណ្ដាលឲ្យប្រជាពលរដ្ឋជិត ៦០ម៉ឺននាក់រងផលប៉ះពាល់ និងស្លាប់ ៤៣នាក់
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ និងមានអ្នកស្លាប់ចំនួន ៤៣នាក់(ខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់) នេះបើយោងតាមការឲ្យដឹងពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀ និងបង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង ១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង, លិចសាលារៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។
របាយការណ៍បន្ថែមថា ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ៦១៧គីឡូម៉ែត្រ, លិចផ្លូវលំជនបទ ១,៦៨៥គីឡូម៉ែត្រ, ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយមេ ២៧០គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយរង ២៧១គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយស្រោចស្រព ១៤៦គីឡូម៉ែត្រ, ប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ, លិចស្រូវ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦,៩៤៥ហិកតា។
សូមរំលឹកថា ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅទីក្រុងរណបកោះនរា និងសាងសង់ស្ពានភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងចំនួន៤ ចាត់មនត្រីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះទៅសិក្សាដោយផ្ទាល់នៅតាមតំបន់រងការជន់លិច ដោយមិនត្រូវរង់ចាំរបាយការណ៍ពីមន្ទីរនោះឡើយ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋឡើងវិញក្រោយទឹកជំនន់។
រដ្ឋមន្ត្រីនៃក្រសួងទាំង៤នេះរួមមាន៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដម លឹម គៀនហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្ដម អ៊ុក រ៉ានប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕