កងពលតូចលេខ៧០ ទទួលជំនួយជាសម្ភារៈបម្រើឲ្យប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនថ្នាក់កណ្តាល និងជាតំណាងលោក ហោ សេរីវឌ្ឍ ប្រធានផ្នែកក្រៅប្រព័ន្ធនៃយុវជនថ្នាក់កណ្តាល បានដឹកនាំក្រុមការងារតាមផ្នែក ចូលរួមប្រគល់ស្បែកជើងសម្រាប់ដើរក្នុងទឹកចំនួន ១០០គូបន្ថែមទៀតជូនដល់ កងពលតូចលេខ៧០ ។
ឧត្តមសេនីយ៍ត្រី យុង ខេមរា តំណាងលោកមេបញ្ជាការកងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកមេបញ្ជាការរងកងពលទទួលក្រុមសង្គ្រោះ ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា នេះគឺជាការគិតគូមិនថាតែប្រជាពលរដ្ឋ សូម្បីតែកងកម្លាំងសង្គ្រោះផងដែរ ដើម្បីប្រើប្រាស់ដោយសុវត្ថិភាព និងងាយស្រួល។
ឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅ ពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល ក៏ដូចជាលោកមេបញ្ជាការរង ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ និងបានចាត់ទុកថាជាការចែករំលែក គិតពីសុខទុក្ខរបស់កងកម្លាំងផងដែរ ។
សូមជម្រាបជូនថា អំណោយជាស្បែកជើងសម្រាប់ដើរក្នុងទឹកចំនួន ៣០០គូហើយដែលត្រូវបានប្រគល់ជូនកងពលតូចលេខ៧០ សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឬក្នុងពេលបំពេញភារកិច្ចសង្គ្រោះតាមទីតាំងដែលឆ្លងងកាត់ទឹកមួយចំនួនទៀតផងដែរ៕