គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មន្ត្រី​ទ័ពមួកខៀវម្នាក់​​ ទើបមកពីស៊ូដង់​ខាងត្បូង​ ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០​ |
    មន្ត្រី​ទ័ពមួកខៀវម្នាក់​​ ទើបមកពីស៊ូដង់​ខាងត្បូង​ ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ​១៩​ មន្ត្រី​ទ័ពមួកខៀវម្នាក់​​ ទើបមកពីស៊ូដង់​ខាងត្បូង​ ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ​១៩​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី ៣០ ខែតុលា​ ឆ្នាំ​២០២០នេះ​ ក្រសួង​សុខាភិបាល​​ បាន​ប្រកាស​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី ១នាក់​ លើ​បុរសជនជាតិ​ខ្មែរ​ ជាមន្ត្រី​ផ្នែក​ប្រតិបត្តិការ​របស់អង្គការ​សហប្រជាជាតិ​ប្រចាំ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ ដែល​ទើបមក​ដល់​កម្ពុជា​ថ្មីៗនេះ​។

    ក្រសួង​សុខាភិបាល​បាន​ឲ្យដឹង​ថា​ បុរសជនជាតិ​ខ្មែរ​ អាយុ​ ៥១​ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ ជាមន្ត្រី​ផ្នែក​ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ​​ប្រចាំ​បេសកកម្ម​នៅស៊ូដង់​ខាងត្បូង​ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស៊ូដង់​ខាងត្បូង​ បន្តជើង​​ហោះហើរ​នៅ​ប្រទេស​គុយបា​ មកបន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​អេត្យូពី រួច​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ មក​ដល់​កម្ពុជា​នៅថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ២០២០។ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​លើ​វត្ថុ​សំណាកដោយ​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា រាជធានីភ្នំពេញ​ បាន​ឃើញ​ថា​មាន​វិជ្ជមានវីរុស​កូវីដ១៩​ ហើយ​​បច្ចុប្បន្ន​ អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​។

    កត់សម្គាល់ថា​ អ្នកដំណើរ​តាមយន្ត​ហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុបមាន​ចំនួន​ ៨៧នាក់​ ក្នុងនោះមាន​អ្នក​ជំងឺខាងលើ​នេះផងដែរ​។ ​ឯអ្នកដំណើរ​ចំនួន ៨៦​នាក់​ទៀត​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩​ នោះត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ ចត្តាឡីស័ក​ ១៤ថ្ងៃ​នៅវិទ្យាល័យ​ពោចិនតុង​និង​សណ្ឋាគារ​មួយចំនួន​ ក្នុង​រាជធានីភ្នំពេញ។

    ក្រសួងសុខាភិបាល បានប្រកាសថា មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៩១ នាក់​ ក្នុងនោះព្យាបាលជាសះស្បើយចំនួន​ ២៨៣​នាក់  និង៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ៕

     

    អត្ថបទទាក់ទង