លោក ពុយ គា៖ ការអត្ថាធិប្បាយរបស់លោក Bilahari Kausikan គឺទស្សនៈផ្ទាល់ខ្លួន មិនមែនជាជំហររបស់សិង្ហបុរី ហើយការបកស្រាយរបស់ក្រុមអ្នកការទូតកម្ពុជាក៏គ្រប់គ្រាន់សម្រាប់លោក Bilahari Kausikan ដែរ
អ្នកការសែតជើងចាស់កម្ពុជា លោក ពុយ គា បានសរសេរបង្ហាញពីទស្សនៈរបស់លោកលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹង ការជជែក និងសរសេរបកស្រាយតទៅតមករវាងអតីតអ្នកការទូតដែលចូលនិវត្តន៍ និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្ដេញកម្ពុជា និងឡាវចេញពីអាស៊ានដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន។
លោក ពុយ គា បានយល់ឃើញថា ការអត្ថាធិប្បាយ ឬការបញ្ចេញទស្សនៈរបស់លោក Bilahari Kausikan ជាទស្សនៈផ្ទាល់ខ្លួនមួយរូប មិនមែនជាជំហររបស់សិង្ហបុរី ហើយក៏មិនមែនជារឿងដែលសិង្ហបុរី ជាប្រទេសស្ថាបនិកមួយរបស់អាស៊ានតាំងពីឆ្នាំ១៩៦៧ គួរធ្វើបែបនេះដែរ ព្រោះវានឹងនាំឲ្យអាស៊ានបែកបាក់និងដួលរលំតែម្តង ។
លោកពុយ គា បានសរសេរយ៉ាងដូច្នេះ ៖ «ដេញកម្ពុជានិងឡាវចេញពីអាស៊ាន?
ប៉ុន្មានថ្ងៃកន្លងមកនេះមានការជជែកនិងសរសេរបកស្រាយតទៅតមករវាងអតីតអ្នកការទូតដែលចូលនិវត្តន៍និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្តេញកម្ពុជានិងឡាវចេញពីអាស៊ានដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន ។ ជាអ្នកសារព័ត៌មានកម្ពុជាមួយរូបដែលបានតាមដានកិច្ចការអាស៊ានរយៈពេលជាង២២ឆ្នាំកន្លងមកនេះ ខ្ញុំតែងកត់សម្គាល់ “នរណាជានរណា = who is who?” នៅក្នុងអាស៊ាន ហើយខ្ញុំក៏ស្វែងយល់ត្រួសៗអំពីអតីមន្រ្តីការទូតសិង្ហបុរីរូបនេះដូចតទៅ ៖
លោក Bilahari Kausikan ត្រូវបានសារព័ត៌មានសិង្ហបុរីខ្លួនឯង (The Straight Times) ឲ្យរហ័សនាមថា “Singapore’s undiplomatic diplomat” មានន័យថា ជាអ្នកការទូតមិនមែនជាអ្នកការទូត ឬសម្រាយថាជាអ្នកការទូតដែលចេះតែនិយាយដូចមែនទែនចឹង គ្មានខ្វល់ពីផលវិបាកនឹងកើតមានឡើយ ។ នៅខែកក្កដា ឆ្នាំ២០១៧ អ្នកសារព័ត៌មាន The Straight Times បានចោទសួរអំពីកេរ្ត៍ឈ្មោះមិនសូវល្អរបស់គាត់ក្នុងការនិយាយលេងសើចហើយជាន់ឈ្លីគេទៀត ស្រាប់តែគាត់តបដោយសើចថា “ខ្ញុំនិយាយបែបចឹងតែនៅថ្ងៃអង្គារ ព្រហស្បត៍ និងថ្ងៃសៅរ៍ទេ ចំណែកថ្ងៃចន្ទ ពុធ និងសុក្រ គឺស៊ីសាច់ហុតឈាមហ៎្មង” ។ (When asked about his reputation for chewing people up and spitting them out, he laughed. “Only on Tuesday, Thursday and Saturday,” he said. “On Monday, Wednesday and Friday I merely suck their blood.”)
លោក Bilahari Kausikan ត្រូវបានអ្នកនយោបាយនៅសិង្ហបុរីសំគាល់ថាគាត់តែង ព្យាយាមនិយាយយ៉ាងណាដែលបង្ហាញថាគាត់ជាអ្នកជាតិនិយមមួយរូបរបស់សិង្ហបុរី ។ គាត់ចូលចិត្តបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកលើនយោបាយការបរទេសសិង្ហបុរី ចូលចិត្តប្រធានាធិបតីដូណាល់ត្រាំ ហើយក៏ជាមន្រ្តីការបរទេសសិង្ហបុរីមួយរូបដែលមាត់ដាច សំដីថ្លោស ឫកឆ្នើម និងពើងទ្រូង ។
តាមការអង្កេតរបស់ខ្ញុំលើវិស័យការទូតឬទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងសិង្ហបុរីខ្ញុំចាប់អារម្មណ៍ទៅលើចំណុចចៃដន្យមួយ គឺសំដីរបស់លោក Bilahari Kausikan បានធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា គឺលោក Michael Tan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា (២០១៦) បានបីខែ ហើយឥឡូវនេះមុនលោក Michael Tan ត្រូវបញ្ចប់អណត្តិរយៈពេល២ខែខាងមុខនេះ ស្រាប់តែលោក Bilahari Kausikan និយាយដូច្នេះម្ដងទៀត ។
យ៉ាងណាក៏ដោយ ខ្ញុំយល់ថាការអត្ថាធិប្បាយឬការបញ្ចេញទស្សនៈរបស់លោក Bilahari Kausikan ជាទស្សនៈផ្ទាល់ខ្លួនមួយរូប មិនមែនជាជំហររបស់សិង្ហបុរី ហើយក៏មិនមែនជារឿងដែលសិង្ហបុរី ជាប្រទេសស្ថាបនិកមួយរបស់អាស៊ានតាំងពីឆ្នាំ១៩៦៧ គួរធ្វើបែបនេះដែរ ព្រោះវានឹងនាំឲ្យអាស៊ានបែកបាក់និងដួលរលំតែម្តង ។
សរុបសេចក្តីមក ខ្ញុំនៅតែយល់ថា វាជាទស្សនៈរបស់អ្នក academic ដែលបច្ចុប្បន្នគាត់ជាប្រធានវិទ្យាស្ថាន “Middle East Institute at the National University of Singapore” ដែលតែងនិយាយអំពីចំណុចរសើបឬអវិជ្ជមាននានាដើម្បីបង្ហើបនឹងបង្ហាញឲ្យឃើញពីទស្សនៈរបស់ខ្លួននិងការជជែកវែកញែកដេញដោលលើបញ្ហាតំបន់និងអន្តរជាតិក្នុងក្របខណ្ឌការសិក្សានិងការស្វែងយល់តែប៉ុណ្ណោះ ហើយការបកស្រាយរបស់ក្រុមអ្នកការទូតកម្ពុជាដូចជាគ្រប់គ្រាន់សម្រាប់លោក Bilahari Kausikan វ័យ៦៦ឆ្នាំ ដើម្បីយកទៅពិចារណាថាគួរលើកបន្តនៅវេទិការក្រោយៗទៀតឬគួរបញ្ឈប់ត្រឹមប៉ុណ្ណឹង ព្រោះឆ្លងតាមការបកស្រាយពីកម្ពុជាបានបង្ហាញថាទស្សនៈរបស់គាត់បានប៉ះពាល់ដល់ប្រទេសដទៃ និងអាចបង្កើតជាអរិភាពជាមួយគ្នាផងដែរ តែក៏មានមតិមួយលើកឡើងថាគួរកុំប្រតិកម្មខ្លាំងពេក ចៀសវាង “យករថក្រោះទៅកិនមូស” ៕
My personal wrap-up, as a Cambodian journalist, on remarks released on Oct. 24 related to “Cambodia and Laos in Asean”.
Retired and active Cambodian diplomats reacted to remarks by Bilahari Kausikan, former Singaporean diplomat who suggested to dismiss Cambodia and Laos from ASEAN. Cambodian diplomats called it “sensationalist, inconsistent and at times contradictory.”»