កម្ពុជា-ហុងគ្រី នឹងចុះហត្ថលេខាលើឯកសារសំខាន់ៗ ៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី ដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី
ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។
ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តម ភីធើ ស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងហុងគ្រី៕