គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រយៈពេល៤ថ្ងៃ នៃឱកាសឈប់សម្រាក​ ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង ​៦៤ម៉ឺននាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រយៈពេល៤ថ្ងៃ នៃឱកាសឈប់សម្រាក​ ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង ​៦៤ម៉ឺននាក់ រយៈពេល៤ថ្ងៃ នៃឱកាសឈប់សម្រាក​ ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ជាង ​៦៤ម៉ឺននាក់

    ភ្នំពេញ៖ រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន, នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

    ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់​ក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០ នាក់

    ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

    * ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់

    * ខេត្តកំពត៖ ៧៣,៥៩២ នាក់

    * ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់

    * ខេត្តកណ្តាល៖ ៥១,៨៦២ នាក់

    * ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់

    * ខេត្តកែប៖ ៣៨,៥៥៨ នាក់

    * ខេត្តកោះកុង៖ ២៨,២៧៥ នាក់

    * ខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់។

    ជាការគួរកត់សម្គាល់ និងការវាយតម្លៃបឋមបន្ថែមពីលើរបាយការណ៍ប្រចាំថ្ងៃ ក្រសួងបានសង្កេតឃើញថា លើកនេះ ដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើនមានការថមថយចំនួន។ ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី ក៏នៅទទួលបានភ្ញៀវច្រើន។ ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ។

    ក្នុងរយៈពេលឈប់បុណ្យអុំទូកនេះមានសកម្មភាពទេសចរណ៍ល្អប្រសើរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចបើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថាកាលឈប់សម្រាកសងចូលឆ្នាំ គឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាលភ្ជុំបិណ្ឌ គឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល។ ម្យ៉ាងទៀត ក៏ដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ។

    ចំពោះការចំណាយ តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិត ដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារ តាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ-១៩នេះ។ ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។

    ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។

    ដោយឡែក បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ។

    ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានី-ខេត្ត៕

     

    អត្ថបទទាក់ទង