ពូជស្រូវជាង ៥ពាន់តោន ត្រៀមសម្រាប់ចែកជូនប្រជាកសិករដាំស្តារឡើងវិញ ក្រោយទឹកជំនន់
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពូជស្រូវ ជាង៥ពាន់តោន ត្រូវបានត្រៀម សម្រាប់ចែកជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ ដើម្បីដាំស្តារឡើងវិញ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការចែកជូនពូជស្រូវ និងដំណាំរួមផ្សំ ដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ មានបីប្រភេទ។ ក្នុងសំណើរតូចជាង ៣០តោន ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ជាអ្នកបែងចែក។ ក្នុងករណី ចន្លោះពី៣០តោន ទៅ១០០ តោន គឺសមត្ថកិច្ចរបស់ របស់គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្នុងករណីលើសពី ១០០តោន ឡើងទៅ គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តល់ជូន។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការផ្តល់ជូននេះ គឺអាស្រ័យទៅលើលក្ខណតម្រូវផង ដោយផ្តោទៅលើការទទួលរងខូចខាតដោយទឹកជំនន់ បំផ្លាញដំណាំទាំងស្រុង និងមានប្រភពទឹកច្បាស់លាស់ អាចដាំស្តារឡើងវិញរយៈពេលខ្លីបាន ។
ឯកឧត្តម វេង សាខុន មានប្រសាសន៍បន្ដថា ការបែកចែក វាបីប្រភេទ ក្នុងករណីដែល សំណើរតូចជាង ៣០តោន ត្រូវក្រសួងជាអ្នកបែងចែក ក្នុងករណីដែលចន្លោះលើសពី ៣០តោន ទៅ ១០០ តោន គឺសមត្ថកិច្ចរបស់គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនៅពេលលើសពី១០០ តោនឡើងទៅ គឺមានតែសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាអ្នកសិទ្ធិសម្រេច ផ្តល់ជូន ហើយការផ្តល់ជូននេះ គឺអាស្រ័យទៅលើលក្ខខ័ណ្ឌតម្រូវនោះផង ទីមួយ ប្រជាជន គឺទទួលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង ហើយមិនអាចរស់ឡើងវិញ ហើយទីពីររឿងបញ្ហាដែលមានទឹកធ្វើបាន បានផ្តល់ពូជស្រូវ។ លក្ខខ័ណ្ឌទីមួយគឺ វាបាត់បង់នូវដំណាំ ហើយទីពីរ មានប្រភពទឹកច្បាស់លាស់អាច ធ្វើស្រូវរយៈពេលខ្លី ដាំស្តារឡើងវិញបាន។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ទៃដីដំណាំស្រូវ ខូចខាតដោយទឹកជំនន់ មានជាង១០៣ ០០០ ហិកតា និងដំណាំរួមផ្សំ ជាង ៥ម៉ឺនហិកតា ហើយគិតជាភាគរយ ផ្ទៃដីរងខូចខាត ដោយទឹកជំនន់ ស្មើនឹង ៤.១៤ ភាគរយនៃផ្ទៃដីដាំដុះដំណាំ បន្លែបង្ការ ដំណាំឧស្សាហកម្ម និងដំណាំស្រូវ។ ប្រជាកសិករ រងផលប៉ះពាល់ ប្រមាណ ១០ម៉ឺនគ្រួសារ។ តម្រូវការគ្រាប់ពូជស្រូវ សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ មានជាង ៥ពាន់តោន។ ដំណាំរួមផ្សំ រងការខូចខាត មានបន្លែទូទៅ និងដំណាំឧស្សាហកម្ម មានមានអំពៅ និងដំឡូងឈើ។
តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងចុះចែកពូជស្រូវ និងដំណាំរួមផ្សំ ដល់ប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ បាត់ដំបង ចាប់ពីថ្ងៃទី៧ ដល់ ទី៨ ខែ វិច្ឆិកា និងបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែ វិច្ឆិកានេះ៕