គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងវប្បធម៌ ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជួយ​លើក​កម្ពស់​សីលធម៌​សង្គម​ តម្លៃស្ត្រីខ្មែរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងវប្បធម៌ ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជួយ​លើក​កម្ពស់​សីលធម៌​សង្គម​ តម្លៃស្ត្រីខ្មែរ​ ក្រសួងវប្បធម៌ ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជួយ​លើក​កម្ពស់​សីលធម៌​សង្គម​ តម្លៃស្ត្រីខ្មែរ​

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យជួយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមគ្រប់រូបភាព ដើម្បីបង្កើតបានសង្គមកម្ពុជាមួយ ប្រកប ដោយកិតិ្តយស សេចក្តីថ្លៃថ្នូរ សន្តិភាព និងសុខដុមរមនា។

    ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រោមប្រធានបទ តួនាទីអ្នកផ្សព្វផ្សាយសីលធម៌ នាថ្ងៃទី៣ វិច្ឆិកានេះ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន ដូចជាពិធីករ ពិធីការិនី ផលិតករ អ្នកនិពន្ធតាមបណ្តាញផ្សព្វផ្សាយនានា និងអ្នកធ្វើការពាក់ព័ន្ធលើការងារវប្បធម៌ ត្រូវចូលរួមចំណែកលើកស្ទួយតម្លៃនៃវប្បធម៌ ទប់ស្កាត់រាល់សកម្មភាពជាអវិជ្ជមាន ដែលប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ តាមរយៈការបន្តបង្កើតកម្មវិធីអប់រំ ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី ប្រពៃណី និងវប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយថែមទៀត។

    លោកជំទាវ ភឿង សកុណា បានលើកឡើងទៀតថា  ក្នុងសិក្ខាសាលានេះ ក៏ដើម្បីស្វែងរកចំណុចរួមមួយ ដើម្បីបន្តការលើកកម្ពស់សីលធម៌ គុណធម៌ សុជីវធម៌ ការគោរពសិទ្ធិស្រ្តី កុមារ ជនពិការ និងដើម្បីស្វែងរកវិធានដោះស្រាយ ទប់ស្កាត់នូវអំពើហឹង្សា ការរំលោភបំពានលើស្រ្តីនិងកុមារ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លាទាំង១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង៦ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។

    ដើម្បីសម្រេចបានស្របតាមទិសដៅខាងលើនេះ ក្រៅពីកិច្ចសហការជាមួយអន្តរស្ថាប័ន និងដៃគូវប្បធម៌ ក្រសួងក៏បានសម្រេចដាក់ចេញនូវប្រកាសស្តីពី«ក្រមសីលធម៌នៃអ្នកសិល្បៈ»ដែលជាសំណុំវិធាន និងជាត្រីវិស័យសម្រាប់អ្នកសិល្បៈចូលរួមប្រើប្រាស់ ឥរិយាបថ អត្តចរិត វោហារស័ព្ទ សំណេរ និងការប្រឌិតញាណ ដើម្បីលើកកម្ពស់សីលធម៌ គុណធម៌ សច្ចធម៌ និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបមុខរបរពាក់ព័ន្ធ នឹងវិស័យសិល្បៈ វប្បធម៌ ដើម្បីឧត្តមភាពបុគ្គល សង្គម និងដើម្បីជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកបន្តវេនផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន​

     

    ពាក្យគន្លឹះទាក់ទង