រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ចំពោះអ្នករារាំងដល់ការស្ដារ បុកជញ្ជាំងបេតុងបឹងទំពន់ ប្រឡាយ និងជួសជុលស្ថានីយ៍បូមទឹកបឹងទំពន់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ ចំពោះកិច្ចការស្ដារ បុកជញ្ជាំងបេតុងបឹងទំពន់ ប្រឡាយ និងជួសជុលស្ថានីយ៍បូមទឹកបឹងទំពន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយពិនិត្យឃើញស្ថានីយបូមទឹកបឹងទំពន់ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពន់តូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពនៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pie) ស្តារជម្រៅអាងស្តុកទឹក និងប្រឡាយ ដើម្បីកាត់បន្ថយ ជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក សែនសុខ បឹងកេងកង និងមានជ័យ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា មុនពេលមានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភកាន់កាប់ ដោយអ្នកខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឱ្យអាក់ខានពុំអាចអនុវត្តបានឡើយ។
លម្អិតព័ត៌មាននេះសូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖