គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ប្រកាសទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា
គណបក្សកាន់អំណាចមីយ៉ាន់ម៉ា របស់លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើត រដ្ឋាភិបាលថ្មី ទោះលទ្ធផលផ្លូវការមិនទាន់ប្រកាសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) លោក Myo Nyunt បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាគណបក្សរបស់លោកទទួលបាន៣២២ អាសនៈនៅក្នុងសភា ដែលនេះជាសំឡេងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ទោះជាលទ្ធផលបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការ ដោយគណៈកម្មាការរៀបចំការ បោះឆ្នោត ក៏ដោយ។ អ្នកនាំពាក្យរូបនេះក៏បានអរគុណដល់ប្រជាជនមីយ៉ាន់ម៉ា ដែលបានគាំទ្រ និងនៅតែផ្ដល់ទំនុកចិត្តដល់គណបក្ស NLD ផងដែរ។
គួរជម្រាបថា គណៈកម្មាការៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថានឹងប្រកាសលទ្ធផលផ្លូវការ នៅល្ងាចថ្ងៃចន្ទនេះ។ ការបោះឆោតសកលក្នុងប្រទេស មីយ៉ាន់ម៉ា បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ហើយគណបក្សរបស់លោកស្រី ស៊ូជី ក៏ធ្លាប់ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីដែរកាលពីឆ្នាំ២០១៥ ដោយទទួលបាន ៣៩០អាសនៈ៕ ប្រភព៖ FreshNews