ឯកឧត្ដម ហង់ជួន ណារ៉ុន ប្រាប់ឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាតាមបណ្ដាខេត្តមានការពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា វាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ
ភ្នំពេញ៖ ឯកឧត្ដម ហង់ជួន ណារ៉ុន រដមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យធ្វើការវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សាចំនួន១៤ ថ្ងៃ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការ ៣វិច្ឆិកា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃនេះ។
សេចក្ដីជូនដំណឹងបន្តថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការស្នើដល់ខេត្តដែលមានការពាក់ព័ន្ធ អនុវត្តដូចតទៅ៖
១. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរខេត្តអំពី វត្តមាននៃការជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ ៣វិច្ឆិកា
២. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូករបាយការណ៍ស្ដីពីចំនួនបុគ្គលិកអប់រំ ឬសិស្សានុសិស្សដែលសង្ស័យថាបានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង
៣. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សារ ១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង
៤. បុគ្គលិកអប់រដែលមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំ តាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត។
ក្រសួងអប់រំបានបញ្ជាក់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិត អាណាព្យាបាលគ្រប់រូប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕