ក្រសួងសុខាភិបាល៖ ករណីវិជ្ជមានថ្មី ០១នាក់(ករណីនាំចូល) ឯការធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍ ៣វិច្ឆិកា សរុបមាន ១៥៣១នាក់ហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់(ករណីនាំចូល) និងមិនមានករណីជាសះស្បើយទេនៅថ្ងៃទី១០វិច្ឆិកា។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩ សរុបចំនួន ៣០១នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ២៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១៣នាក់ និងមិនមានករណីស្លាប់។
ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ លើស្ត្រីជនជាតិអាមេរិកកាំងអាយុ ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេសត្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ មានវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលក៏បានឲ្យដឹងដែរថា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានចំនួនសរុប ៣៦៥នាក់ ដែលក្នុងនោះ មាន៣១៥នាក់ រួមទាំងវត្ថុសំណាកចំនួន ២៣នាក់ដែលនៅសល់ពីថ្ងៃទី១០វិច្ឆិកា ២០២០ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ និងវត្ថុសំណាកនៅសល់ចំនួន ៥០នាក់ទៀតនោះត្រូវធ្វើបន្តទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកផងដែរដល់អ្នកដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស៧កចំនួន១៤ថ្ងៃ នៅតាមផ្ទះ និងនៅសណ្ឋាគារ ឲ្យបានត្រឹមត្រូវហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសនេះ ពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន ៤នាក់ និងវត្ថុសំណាកចំនួន ៥០ទៀត ដែលនៅសល់ ត្រូវវិភាគនៅថ្ងៃទី១២វិច្ឆិកា ៕