អ្នកពាក់ព័ន្ធចំនួន ៨៨នាក់បន្ថែមទៀតធ្វើតេស្តថ្ងៃនេះ លទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដលើអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន៨៨នាក់បន្ថែតទៀត លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្តិ បានប្រាប់ថា គិតចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១១វិច្ឆិកានេះ ក្រសួងសុខាភិបាលបានធ្វើតេស្តលើអ្នកពាក់ព័ន្ធទាំងដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា សរុបមានចំនួន ១៦១៨នាក់។
សូមជម្រាបជូនថា ការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមថ្ងៃទី១១វិច្ឆិកានេះ មានវិជ្ជមានចំនួន៤នាក់ គឺឯកឧត្ដម សួស យ៉ារ៉ា, លោក សរ ចិត្រា, ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងអង្គរក្សផ្ទាលគណៈប្រតិភូហុងគ្រី។ អ្នកទាំង៤នាក់នេះ មានសុខភាពល្អធម្មតា ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ថា ការធ្វើតេស្តរកវីរុសកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល៕ ប្រភព៖ FreshNews