ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ «ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងអ្នកធ្វើការនៅក្នុងផ្ទះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ មានសុខភាពល្អជាធម្មតា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ឯកឧត្ដម មានសុខភាពល្អជាធម្មតា កំដៅធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល និងធ្វើការបានជាធម្មតា(ធ្វើការក្នុងផ្ទះ) ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកឧត្ដម និងក្រុមគ្រួសារ ព្រមទាំងអ្នកធ្វើការក្នុងផ្ទះទាំងអស់បានធ្វើតេស្តចំនួន២ដងរួមមកហើយ ជាលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា ។
ឯកឧត្ដមបន្តថា ចាប់តាំងពីថ្ងៃបន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ឯកឧត្ដមនៅតែរក្សាទម្លាប់ប្រចាំថ្ងៃរបស់ឯកឧត្ដមដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង៦និង៤៥នាទី ទៅ៧និង០០នាទី ព្រឹក រួចចូលបន្ទប់ធ្វើការ(ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣វិច្ឆិកា។ កំដៅក្នុងខ្លួនធម្មតា បាយក៏បានសម្រាន្តក៏ស្រួល។ឯកឧត្ដម បន្តទៀតថា ការអនុវត្តន៍វិធានការការពារ ត្រូវបានធ្វើយ៉ាងហ្មត់ចត់ ដោយការពាក់ម៉ាស់គ្រប់គ្នា គ្រប់ពេល ពាក់ស្រោមដៃ លាងដៃញឹកញាប់ រក្សាគំលាត និងតាមសង្កេតការប្រែប្រួលយ៉ាងជាប់លាប់។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រីការបរទេស Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។
ជាមួយគ្នានេះដែរឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។ ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ៕