លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១០២០គ្រួសារ នៅខេត្តស្វាយរៀង
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១០២០គ្រួសារ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ពិធីនេះប្រារព្ធឡើងនៅតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។ លោកជំទាវបន្តថា សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្ដេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ។
លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។
អំណោយដែលបាននាំយកមកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន ស្រូវពូជ ១០០គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល ៕