គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោងស្នើ​ទៅបារាំង ជួយ​លើបច្ចេកទេស​កំណត់ខណ្ឌសីមា​ និងបង្គោល​ព្រំដែនកម្ពុជា​-វៀតណាម ​ដែលនៅសល់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោងស្នើ​ទៅបារាំង ជួយ​លើបច្ចេកទេស​កំណត់ខណ្ឌសីមា​ និងបង្គោល​ព្រំដែនកម្ពុជា​-វៀតណាម ​ដែលនៅសល់ រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោងស្នើ​ទៅបារាំង ជួយ​លើបច្ចេកទេស​កំណត់ខណ្ឌសីមា​ និងបង្គោល​ព្រំដែនកម្ពុជា​-វៀតណាម ​ដែលនៅសល់

    ភ្នំពេញ​៖ ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានឯកភាពគ្នាក្នុងការដាក់សំណើទៅរដ្ឋាភិបាល ប្រទេសបារាំង ដើម្បីឱ្យ​មក​ជួយ​លើបច្ចេកទេសកំណត់ខណ្ឌសីមា និងបង្គោលព្រំដែន ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ចំនួន​១៦​ភាគរយ ខណៈការកំណត់ និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម​ សម្រេចបាន លទ្ធផលចំនួន៨៤ភាគរយរួចទៅហើយ។

    ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារលើ សេចក្តីព្រាងច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​​លើ​ពិធី​សារ​ខណ្ឌ​សីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​​សង្គមនិយម វៀតណាម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បាន​បញ្ជាក់ថា ការកំណត់ខ្សែបន្ទាត់ព្រំដែនដែល នៅ សេសសល់រវាងកម្ពុជា និងវៀតណាម គឺ​ស្ថិត​ក្នុង​ចំណុច និងតំបន់ចំនួន៨ ដែលក្នុងនោះរួមមាននៅតំបន់ព្រំដែនជាប់ខេត្តកណ្តាល តំបន់​ដី​សណ្ត​ទន្លេមេគង្គ និងទន្លេបាសាក់ ជាដើម ដោយភាគីវៀតណាមទាមទារនូវលក្ខខណ្ឌថ្មី ដែល​ផ្ទុយ​ពី​លក្ខខណ្ឌខ្សែបន្ទាត់ខណ្ឌសីមា និងបង្គោលព្រំដែនឆ្នាំ១៩៣៥។ ឯកឧត្តម បន្តថា ភាគី​កម្ពុជា និងវៀតណាម នៅប្រទាំងប្រទិសគ្នាទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុង​ការ​កំណត់​ខណ្ឌសីមា និងបង្គោលព្រំដែននៅសេសសល់ ១៦ភាគរយទៀតនេះ ដែល​ទាមទារ​ឱ្យ​ភាគី​ពី​ប្រទេស​បារាំង​មកជួយបណ្តុះបណ្តាល ដើម្បីឈានទៅបញ្ចប់ឱ្យបាន១០០ភាគរយ ក្នុង​ពេល​ដ៏​ឆាប់​បំផុត។

    សូមបញ្ជាក់ថា សភាទាំងពីរថ្នាក់របស់កម្ពុជា គឺរដ្ឋសភា និងព្រឹទ្ធសភា បានឯកភាព​ទទួល​ស្គាល់​នូវ​ផែនទីឋានលេខា ព្រំដែនគោកចំនួន៩២ផ្ទាំង ខ្នាត១/២៥.០០០ ដែលរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម​កំណត់លើឯកសារស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ កាលពីខែតុលា ឆ្នាំ២០១៩។

    បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានឱ្យដឹងថា ពិធីសារស្តីពីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរនេះ គឺធ្វើឡើងស្របតាម សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប្រទេសទាំងពីរផលិតផែនទីព្រំដែន និងឯកសារ ស្តីពីការបោះ​បង្គោល​ខណ្ឌសីមាព្រំដែនគោកដូចជា៖ ឯកសារលម្អិតស្តីពីព្រំដែន បណ្តាបង្គោល​ព្រំ​ដែន​ និងផែនទីព្រំដែន ដើម្បីសម្តែងឡើងនូវទិសដើរនៃខ្សែព្រំដែន ទីតាំង​បង្គោល​ព្រំដែន​ដែល​ស្ថិត​នៅតាមបណ្តោយ ព្រំដែនទាំងមូល។ ក្នុងពិធីសារនេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានទទួល​ស្គាល់​ការ​ខណ្ឌសីមាព្រំដែនបាន ប្រវែង ១.០៤៥គីឡូម៉ែត្រ និងបោះបង្គោល​ព្រំ​ដែន​សរុប​៣.០៤៧បង្គោលនៅលើដី និងនៅលើផែនទី ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ធំ​បាន​ចំនួន​៣១៥​បង្គោល, ​បង្គោលខណ្ឌសីមាព្រំដែនបានចំនួន១.៥១១បង្គោល, បង្គោល​តម្រុយ​ព្រំ​ដែន​បាន​ចំនួន​២២១​បង្គោល, និងចំណុចពិសេសចំនួន១.០០០៕

     

    អត្ថបទទាក់ទង