ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចែកគ្រឿងបរិភោគដល់ជនរងគ្រោះដោយសារមីន ៥០០គ្រួសារ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគដល់បងប្អូនជនរងគ្រោះដោយសារមីន /គ្រាប់ និងអតីតយុទ្ធជនចំនួន ៥០០គ្រួសារ នៅខេត្តប៉ៃលិន ក្រោមកិច្ចឧបត្ថម្ភគាំទ្រដោយមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេសតាមរយៈអាជ្ញាធរមីន។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំអាជ្ញាធរមីន និងមន្ទីរ-អង្គភាពជុំវិញខេត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំសេចក្ដីនឹករលឹក និងការស្រលាញ់រាប់អានពីសម្ដេចតេជោ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋ ខេត្តប៉ៃលិន ដែលចូលរួមបញ្ចប់សង្គ្រាមតាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ដែលជាបិតាសន្តិភាព។
ឯកឧត្តរមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនមានពិការភាព និងជនងាយ រងគ្រោះផ្សេងទៀត ជាពិសេសបងប្អូនមានពិការភាពដោយសារសង្គ្រាម។រៀងរាល់ពេល សម្តេចតេជោ តែងតែចង់ឃើញប្រទេស និងប្រជាជនកម្ពុជាទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងមានជីវភាពធូរធារដូចគ្នា ក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ដីសុវត្ថិភាពរួចផុត ពីការគម្រាមកំហែង ដោយសារមីនជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមានពិការភាពទាំងអស់ត្រូវបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់នូវបេះដូងសេចក្ដីស្រលាញ់ និងការថែរក្សាបីបាច់ចំពោះក្រុមគ្រួសារដែលបេសកកម្មទាំងនេះគឺជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកម្ពស់ជីវភាពរស់នៅការលើកទឹកចិត្ត និងការផ្តល់សុភមង្គលក្នុងគ្រួសារ។
ឆ្លៀតក្នុងឱកាសនោះ បានថ្លែងអំណរគុណចំពោះមូលនិធិ Sir Bobby Charlton ដែលចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារមានពិការភាព ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ ដែលរហូតមកដល់ពេលនេះមូលនិធិបានចូលរួមចែកគ្រឿងឧបភោគបរិភោគ បានជាង ២០០០គ្រួសារ នៅខេត្តពោធិ៍សាត់បាត់ដំបង និងខេត្តប៉ៃលិន៕