[វីដេអូ] «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ!»
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជាង១៩នាទី មានចំណងជើងថា «កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ» ។
វីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិត និងផ្សព្វផ្សាយភ្លាមៗ បន្ទាប់ពីលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាលជុំវិញការធ្វើតេស្តលើកទី៤ នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្នុងចំណោមអ្នកធ្វើចត្តាឡីស័កជាងមួយពាន់នាក់ រួមទាំងសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រុមគ្រួសារ អង្គរក្ស និងអ្នកនៅជាមួយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា « អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា» ហើយក៏គ្មានឡើយការឆ្លងចូលក្នុងសហគមន៍ ពោលគឺមានតែមនុស្ស ៤ នាក់ប៉ុណ្ណោះដែលបានឆ្លងក្នុងដំណាក់កាលថ្មីនេះ ហើយក្នុងនោះក៏មានអ្នកដែលបានជាសះស្បើយហើយដែរ។
ខ្លឹមសារនៃវីដេអូបានពិពណ៌នាថា ដើម្បីឆ្លុះបញ្ចាំងអំពីជោគជ័យនេះ យើងគួរក្រឡេកថយក្រោយ បន្តិចដើម្បីពិនិត្យមើល យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩៖ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញយុទ្ធសាស្ត្រ៣យ៉ាង ឬហៅថាសមរភូមិ៣៖ ទី១ គឺការទប់ស្កាត់ការឆ្លងរីក រាលដាលរបស់ជំងឺនេះពីខាងក្រៅកុំឲ្យចូលមកកម្ពុជា,ទី២ គឺការទប់ស្កាត់កុំឲ្យឆ្លងចូល ក្នុងសហគមន៍ និងទី៣ គឺការយកចិត្តទុកដាក់ ព្យាបាលដើម្បីសង្គ្រោះអ្នកឆ្លងកូវីដ ១៩។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់ និងម៉ឹងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន សមរភូមិទាំងបីតំណាក់កាលដែលមានលក្ខណៈប្រាកដនិយម និងដែលត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាល តេជោសែន ដាក់ចេញតាំងពីមានកូវីដ១៩ផ្ទុះឡើងភ្លាមៗមកនោះ រហូតមកដល់ថ្ងៃនេះ បានទទួលលទ្ធផលជាទីគាប់ចិត្ត។ សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖