រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានសម្បទាន មានទឹកប្រាក់ជាង ២០០លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីគាំទ្រឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ ២៥ប៊ីលានយ៉េន ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីគាំទ្រ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ ។
កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្ដីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននូវពេលនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្ដាញភស្ដុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។
ក្នុងនាមជាដៃគូរអភិវឌ្ឍន៍ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ១៩។ ក្នុងបរិបទនេះ JICA បានកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យ និងបំពាក់បរិក្ខាពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្ដល់សម្ភារៈអនាម័យដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៊ីនទែម៉ូម៉ែត្រវាស់កម្ដៅ និងផ្ដល់សម្ភារៈមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការការឆ្លងជំងឺ។
ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាលតាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំបណ្ដុះបណ្ដាលដល់មន្ត្រី៕