កម្ពុជា នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្ម តាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស
ភ្នំពេញ៖ យោងតាមសារណែនាំរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៩វិច្ឆិកានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនុគ្រោះទូទៅ(GSP) របស់អង់គ្លេស។
ប្រព័ន្ធ GSP របស់អង់គ្លេស នឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសក្នុងក្របខណ្ឌចំនួន៣៖ ក្របខណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។
ប្រទេសកម្ពុជាដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ៕