គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋាភិបាល​កូរ៉េខាងត្បូង​ សម្រេចជួយសាងសង់​ស្ពានឆ្លង​កាត់​ទន្លេ​ ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ភ្ជាប់​ទៅ​ខេត្ត​កណ្ដាល​ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រដ្ឋាភិបាល​កូរ៉េខាងត្បូង​ សម្រេចជួយសាងសង់​ស្ពានឆ្លង​កាត់​ទន្លេ​ ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ភ្ជាប់​ទៅ​ខេត្ត​កណ្ដាល​  រដ្ឋាភិបាល​កូរ៉េខាងត្បូង​ សម្រេចជួយសាងសង់​ស្ពានឆ្លង​កាត់​ទន្លេ​ ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ភ្ជាប់​ទៅ​ខេត្ត​កណ្ដាល​ 

    ភ្នំពេញ​៖ តបតាម​សំណើរ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​សម្រេច​ឯកភាព​ជួយសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​នៅភូមិសាស្ត្រ​រាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​។ នេះបើយោង​​តាមឯកឧត្ដម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ឲ្យដឹង​នៅថ្ងៃទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​។

    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ ដោយ​គ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    សូមរំលឹក​ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងពី​ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។

    សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។

    សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

    ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាមិទ្ធផលមួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលិចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង