កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣នៅក្នុងពិភពលោក ដែលគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩បានល្អ
ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១នៅអាស៊ី និងលេខ៣នៅពិភពលោក (ក្នុងចំណោម១៦៦ ប្រទេស) ដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ និងផលប៉ះពាល់ពីជំងឺនេះបានល្អជាងគេ។ លទ្ធផលនេះត្រូវបានប្រកាសដោយ ការិយាល័ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល កាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅថ្មីៗនេះ។
ក្រៅពីប្រទេសកម្ពុជាឈរនៅលំដាប់ថ្នាក់លេខ១ ប្រទេសថៃជាប់ចំណាត់ថា្នក់២ ព្រុយណេលេខ៣ និងប្រទេសអ៊ូសបេគីស្ថានលេខ៤ នៅក្នុងតំបន់អាស៊ី។ ការវាយតម្លៃត្រូវបានធ្វើឡើងលើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោក ។ នេះបើតាមការបញ្ជាក់របស់អ្នកសរសេររបាយការណ៍លោក មូបារ៉ាក់ ឡូ (Moubarack LO) ជាអគ្គនាយក និងលោក អាម៉ៃយេស៊ី (Amaye SY) ជាអ្នកជំនាញជាន់ខ្ពស់របស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច។
អ្នកសរសេររបាយការណ៍បានពន្យល់បន្ថែមថា ការវាយតម្លៃត្រូវបានធ្វើឡើងលើធាតុសំខាន់បី គឺស្ថានភាព នៃការឆ្លងមេរោគ ស្ថានភាពនៃការជាសះស្បើយ និងករណីមរណភាព។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣០៤នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ២៩៤នាក់ អ្នកសម្រាកព្យាបាល ចំនួន ០៩នាក់ និងមិនមានករណីស្លាប់ទេ៕