ក្រុមយុវជន ស.ស.យ.ក ជាង២០០នាក់ ធ្វើដំណើរចម្ងាយ ១៥គីឡូម៉ែត្រដោយថ្មើជើង ដើម្បីយល់ដឹងពីបរិស្ថាន
កណ្ដាល៖ ក្រុមយុវជន ស.ស.យ.ក មកពីឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងឃុំដូនកាំង ស្រុកកំចាយមា ខេត្តព្រៃវែង ប្រមាណជាង ២០០នាក់បានធ្វើដំណើរដោយថ្មើជើង ដើរជាក្បួនជុំវិញឧទ្យានជាតិភ្នំតាម៉ៅ ដែលមានចម្ងាយ ១៥គីឡូម៉ែត្រ ដើម្បីយល់ដឹងពីបរិស្ថាន។
សកម្មភាពខាងលើ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក ជី ស៊ីវុត្ថា និងលោក មួង ដារ៉ា ប្រធានក្រុមការងារចុះជួយឃុំដូនកាំង ស្រុកកំចាយមា ខេត្តព្រៃវែង។ ការធ្វើដំណើរនេះ ក្រុមយុវជនបានប្រើរយៈពេលអស់ជាច្រើនម៉ោងចាប់ពីម៉ោង ១២៖៣០នាទីរសៀល រហូតដល់ជិត៦ល្ងាច។
លោក មួង ដារ៉ា បានឲ្យដឹងថា ការដឹកនាំក្រុមយុវជន ស.ស.យ.ក ប្រមាណជាង២០០ នាក់ គឺដើរជាក្បួនធ្វើឡើងដើម្បីអបអរសាទរ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា លើកទី៤២ និងដើម្បីឲ្យយុវជនយល់ដឹងពីបរិស្ថាន យល់ពីការហាត់ប្រាណដើម្បីថែទាំសុខភាព។
បើទោះបីការធ្វើដំណើរនេះកាត់ព្រៃចុះទឹកឆ្លងផុកយ៉ាងណាក៏ដោយ ក្នុងសកម្មភាពធ្វើដំណើរ ក្រុមយុវជនបាននិយាយថា ពួកគាត់គ្រាំទ្រឲ្យមានកម្មវិធីនេះបន្តទៀត ព្រោះកម្មវិធីនេះធ្វើឲ្យសប្បាយ បានស្គាល់តំបន់ទេសចរណ៍ បានយល់ដឹងពីបរិស្ថាន និងបានធ្វើលំហាត់ប្រាណដើម្បីថែទាំសុខភាពទៀតផង៕