ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និងមានអ្នកជាសះស្បើយ ០២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ លើបុរសជនជាតិនេប៉ាល់ អាយុ ៣៧ឆ្នាំ និងមានអ្នកជំងឺ ០២នាក់បានជាសះស្បើយ។
ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ត្រូវបានរកឃើញលើបុរសជនជាតិនេប៉ាល់ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកដំណើររូបនេះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ១៩ កាលពីនៅប្រទេសនេប៉ាល់នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅពេលនោះ រហូតដល់ថ្ងៃទី២ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានធ្វើតេស្តឡើងវិញដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំង២លើក។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣០៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២៩៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន៩នាក់ និងមិនមានករណីស្លាប់ទេ៕