អ្នកបោះឆ្នោតជាង ១៥ម៉ឺននាក់ អាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២០
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អ្នកបោះឆ្នោត ១៥៤ ៧៦៨នាក់ អាចនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២០នេះ។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្ថែមថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលដៅឲ្យពលរដ្ឋបានចុះឈ្មោះបោះឆ្នោតរួចហើយ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ដើម្បីឲ្យប្រាកដថាឈ្មោះរបស់ខ្លួនមានភាពត្រឹមត្រូវ និងច្បាស់លាស់។
សូមជំរាបជូនថា ការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតត្រូវធ្វើឡើងចំពោះអ្នកដែល៖
– បានទទួលមរណភាព
– បានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេង
– បានចុះឈ្មោះលើសពីមួយកន្លែង(ឈ្មោះស្ទួន)
– ត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត។
ការរលុបឈ្មោះប្រជាពលរដ្ឋណាម្នាក់ចេញពីបញ្ជីបោះឆ្នោតត្រូវផ្អែកលើឯកសារសំអាងត្រឹមត្រូវច្បាស់លាស់ និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាល ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្នុងនោះក៏មាននីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងផងដែរ។
ឯកឧត្ដម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ កាន់តែមានភាពត្រឹមត្រូវ និងតម្លាភាព សូមឲ្យប្រជាពលរដ្ឋគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ អញ្ជើញចូលរួមពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួននៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួន ៨ ៨៣១ ៩៨៨នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៤២៥ការិយាល័យ។ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២០ នឹងត្រូវបិទផ្សាយព្រមៗគ្នានៅតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេសនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០៕