រដ្ឋាភិបាលកម្ពុជា សម្រេចបិទផ្សារអ៊ីអន១ បណ្ដោះអាសន្ន ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើស្ត្រីម្នាក់
![រដ្ឋាភិបាលកម្ពុជា សម្រេចបិទផ្សារអ៊ីអន១ បណ្ដោះអាសន្ន ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើស្ត្រីម្នាក់](https://vopcambodia.com/wp-content/uploads/2020/11/Photo17.jpg)
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់ឲ្យដឹងនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
លោកស្រី យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានវីរុសកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៊ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។
សូមជំរាបជូនថា ស្រ្តីដែលមានផ្ទុកវីរុសកូវីដខាងលើនេះ គឺជាភរិយារបស់ឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ៕ ប្រភព៖ FreshNews