ឯកឧត្ដម ហង់ជួន ណារ៉ុន សម្រេចផ្អាកដំណើរការសាលារៀន AIS សាខាចាក់អង្រែ រយៈពេល ២សប្ដាហ៍សិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) សាខាចាក់អង្រែជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំចេញផ្សាយនៅថ្ងៃនេះ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងក្នុងសហគមន៍ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
បុគ្គលិកអប់រំ មាតាបិត អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើនេះ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។
សូមបញ្ជាក់ថា ការផ្អាកដំណើរការសាលារៀនខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា រកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន៧ នាក់នេះថ្ងៃនេះ ក្នុងក៏មានកុមារ៉ា ០១នាក់ អាយុ១២ឆ្នាំ ជាសិស្សរៀននៅសាលារៀនអន្តរទ្វីបអាមេរិកកាំងសាខាចាក់អង្រែ៕