គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ​បិទ​សណ្ឋាគារភ្នំពេញបណ្ដោះអាសន្ន​ ក្រោយដឹង​ថា​អ្នកមានវីរុសកូវីដម្នាក់ទៅហាត់ប្រាណនៅទីនោះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​ ​បិទ​សណ្ឋាគារភ្នំពេញបណ្ដោះអាសន្ន​ ក្រោយដឹង​ថា​អ្នកមានវីរុសកូវីដម្នាក់ទៅហាត់ប្រាណនៅទីនោះ SONY DSC

    ភ្នំពេញ​​៖ ក្រសួង​សុខាភិបាល​នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ បាន​សម្រេច​បិទ​សណ្ឋាគារ​ភ្នំពេញ​បណ្ដោះ​អាសន្ន​ ក្រោយដឹង​ថា​មាន​អ្នក​ផ្ទុកវីរុសកូវីដ​១៩​ ដែលទើបរកឃើញថ្មីម្នាក់ គឺឯកឧត្ដ​ម​ ឆែម សាវុធ​ អគ្គនាយកពន្ធនាគារ​ បាន​ទៅ​ហាត់ប្រាណ និង​ហែ​លទឹក​នៅទីនោះ​។

    តាម​ការ​ស្រាវជ្រាវ​ កាលថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ឯកឧត្ដម​ ឆែម​ សាវុធ​ បានទៅ​ហាត់​ប្រាណ និង​ហែលទឹក​នៅសណ្ឋាគារ​ភ្នំពេញ ដូច្នេះ​ក្រសួង​សុខាភិបាល​ ទទួលបាន​ការ​​ឯកភាព​ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុង​ការ​បិទ​សណ្ឋាគារនេះរយៈ​ពេល​ ២ថ្ងៃ​ដើម្បីស្រាវជ្រាវ​រកអ្នក​ដែលបាន​ប៉ះពាល់ដោយ​ផ្ទាល់ និង​ប្រយោល​ យកសំណាក​មកធ្វើតេស្ត​រកវីរុសកូវីដ​១៩​។

    ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួននៃការធ្វើសេត្តរកវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ ឯកឧត្ដម ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ​។

    ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

    សូមជម្រាបថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៊ីអន១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ៕

     

     

    អត្ថបទទាក់ទង