គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាល​រាជធានី​ចេញ​សេចក្ដី​ណែនាំ​ ១០ចំណុច ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​មេរោគ​កូវីដ១៩​ នៅ​ក្នុង​សហគមន៍​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រដ្ឋបាល​រាជធានី​ចេញ​សេចក្ដី​ណែនាំ​ ១០ចំណុច ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​មេរោគ​កូវីដ១៩​ នៅ​ក្នុង​សហគមន៍​ រដ្ឋបាល​រាជធានី​ចេញ​សេចក្ដី​ណែនាំ​ ១០ចំណុច ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​មេរោគ​កូវីដ១៩​ នៅ​ក្នុង​សហគមន៍​

    ភ្នំពេញ ៖ ​នៅរសៀល​ថ្ងៃ​ទី៣០​ ​ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ រដ្ឋបាលរាជធានីភ្នំពេញ​បាន​ចេញ​សេចក្តីណែនាំ​ចំនួន​ ១០​ចំណុច ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូរីដ​ ១៩ នៅក្នុង​សហគមន៍​នៅ​រាជ​ធានី​ភ្នំពេញ​។

    យោង​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​មហាសេ​នា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ​នា​ថ្ងៃ​ទី៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​រដ្ឋ​បាលរាជ​ធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ច្បាប់​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាលមេ​រោគ​កូវីដ​១៩​ នៅក្នុង​សហគម​ន៍​នៅ​រាជ​ធានី​ភ្នំពេញ​។ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ មន្ទីរ​ អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី ​ពាណិជ្ជករ អាជីវករ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ​ដូច​ខាង​ក្រោម​ ៖

    ១- ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬការជួបជុំ បែបសាសនាទាំងអស់។ល។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

    ២- អនុញ្ញាតឱ្យមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។

    ៣- ត្រូវចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយ ប្រយោល ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងករណីលទ្ធផល តេស្តអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល។

    ៤- ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ខាងលើ ត្រូវរៀបចំជែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យធ្វើការវាស់​កម្ដៅភ្ញៀវទាំងអស់​ដោយឈរ​តម្រង់​ជួររក្សាគម្លាតសុវត្ថិភាពសង្គម មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំង អាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១,៥ម៉ែត្រពីម្នាក់ទៅម្នាក់ ក្នុងពេលអង្គុយ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្តោះអាសន្ន។

    ៥- ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មមួយចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ឌីស្កូតែក បៀរហ្គាឌិន អាជីវកម្មម៉ាស្សាសុខភាព និងស្ពារ។

    ៦- ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព។

    ៧- អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណ៏មិនចាំបាច់ មិនត្រូវធ្វើដំណើរចេញក្រៅផ្ទះ។ ក្នុងករណ៍ដែលមានតម្រូវការចាំបាច់ជៀសមិនផុត មិនត្រូវឱ្យមានការកកកុញតាមភ្លើងចរាចរណ៍ ឬភ្លើងស្តុបនានា នៅក្នុងរាជធានីភ្នំពេញឡើយ។

    ៨- រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការផ្អាករាល់ការប្រជុំចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ចំពោះទីតាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវរៀបចំចាំបាច់ឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ ការលាងដៃសម្លាប់មេរោគ និងរៀបចំកន្លែងអង្គុយចម្ងាយ ១,៥ម៉ែត្រពីម្នាក់ទៅម្នាក់ ដោយកំណត់ចំនួនប្រជាពលរដ្ឋដែល មកទទួលសេវាមិនឱ្យលើសពី២០នាក់ ក្នុងពេលម្តងៗ។

    ៩- ចំពោះផ្សាររដ្ឋ និងផ្សារឯកជន ត្រូវរៀបចំឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងដៃសម្លាប់ មេរោគ ព្រមទាំងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពសង្គម។

    ១០-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន។

    សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ -អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំលើស្មារតីយោគយល់អធ្យាស្រ័យខ្ពស់បំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសូមចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីណែនាំខាងលើកុំបីខាន៕

    អត្ថបទទាក់ទង