ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទូទាំងប្រទេសវាយតម្លៃហានិភ័យការឆ្លងរាលដាលកូវីដ១៩ ដើម្បីស្នើផ្អាកការសិក្សាសម្រាប់សិស្សទី១២
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីផ្អាកការសិក្សាសិស្សទី១២។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ។
ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាល់ក្នុងសហគមន៍ក្រោយព្រឹត្តិការណ៍២៨វិច្ឆិកា និងដើម្បីបង្កលក្ខណៈឲ្យសិស្សថ្នាក់ទី១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដើម្បីផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
ជាមួយគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានសិទ្ធិក្នុងការសម្រេចអំពីការផ្អាកការសិក្សា នៅតាមតំបន់ទីរួមខេត្ត និងទីប្រជុំជន៖
- ចំពោះទីកន្លែងដែលមានហានិភ័យ ត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ ប៉ុន្តែត្រូវបន្តការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ
- ចំពោះទីកន្លែងដែលគ្មានហានិភ័យត្រូវបានបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាលកាលពីថ្ងៃទី៣០វិច្ឆិកាម្សិលមិញ បានសម្រេចផ្អាកការសិក្សារបស់សិស្សថ្នាក់ទី១២ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បន្ទាប់ពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា តែត្រូវស្វ័យសិក្សា និងរៀនតាមអនឡាញ ឯការប្រឡងបាក់ឌុបនៅតែរក្សាដដែល៕