រដ្ឋាភិបាលទីម័រឡេស្ត បង្ហាញក្ដីរីករាយចំពោះជំនួយសប្បុរសរបស់កម្ពុជានៅពេលនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩
ភ្នំពេញ៖ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (ទីម័រឡេស្ត) បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះជំនួយដ៏សប្បុរសរបស់កម្ពុជានៅពេលនេះ ដែលផ្តល់ម៉ាស់ និងគ្រឿងបរិក្ខារពេទ្យដល់រដ្ឋាភិបាលទីម័រខាងកើត ដើម្បីទប់ស្កាត់កូវីដ ១៩។
រដ្ឋមន្ត្រីការបទេសទីម័រឡេស្តលោកជំទាវ Dra Adaljiza Albertina Xavier Reis Magno ជាអ្នកអញ្ជើញមកទទួលដោយផ្ទាល់នូវដំណើរនាំយកនូវម៉ាស់ និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់ប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ជូនដល់ប្រទេសទីម័រខាងកើតនៅថ្ងៃទី ២ ខែធ្នូនេះ។
ថ្លែងនៅក្នុងពិធីស្វាគមន៍នោះ លោកជំទាវរដ្ឋមន្ត្រីការបរទេសទីម័រឡេស្ត បានចាត់ទុកជំនួយកម្ពុជាពេលនេះថា មានសារសំខាន់ណាស់សម្រាប់ប្រជាជន និងក្រុមគ្រូពេទ្យជួរមុខរបស់ទីម័រខាងកើត ក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ ១៩ ហើយរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្ត អរគុណអស់ពីបេះដូងចំពោះទឹកចិត្តរបស់កម្ពុជានៅពេលនេះ។
ជាមួយគ្នាលោកជំទាវរដ្ឋមន្ត្រីការបរទេសទីម័រឡេស្ត ក៏សម្តែងនូវការសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រយុទ្ធប្រឆាំង នឹងកូវីដ ១៩ បានល្អប្រសើរ ហើយតាមរយៈជំនួយកម្ពុជានៅពេលនេះ នឹងញាំងឲ្យទំនាក់ទំនង និងសាមគ្គីភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែស្អិតរមួតថែមទៀត៕