ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញពិនិត្យការអ៊ុតកៅស៊ូបេទីមីន័រលើផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះ។
គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ នៅថ្ងៃទី២ ខែធ្នូនេះ ក្រោយពីថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវ ការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមក។
ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នា ដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុ បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។
សូមជម្រាបផងដែរថា ចំពោះក្រុមហ៊ុនដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ មានចំនួន ៣ក្រុមហ៊ុនគឺ៖
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន០៥ខ្សែ ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវៈ ដល់រង្វង់មូលផ្លូវបំបែករាម ជាប់ (ផ្លូវជាតិលេខ៤)។
២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវៈ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។
៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែ ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក្រុមហ៊ុនទាំង៣នេះកំពុងដំណើរការអ៊ុតបេទីមព្រមៗគ្នា។ ដោយឡែកក្រុមហ៊ុន L.S Construction Lee Service Cambodia PTC.,LTD បានឱ្យដឹងថា ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខ ៕