គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ សម្រេច​បាន ២៨ភាគរយហើយ គិតត្រឹម​ខែវិច្ឆិកានេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |
    ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ សម្រេច​បាន ២៨ភាគរយហើយ គិតត្រឹម​ខែវិច្ឆិកានេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ សម្រេច​បាន ២៨ភាគរយហើយ គិតត្រឹម​ខែវិច្ឆិកានេះ

    គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផល ២៨ភាគរយហើយ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺ កូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្តី។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នក នាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែធ្នូនេះ។

    អ្នកនាំពាក្យ បានថ្លែងប្រាប់ថា ដំណើរការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាជាលើកដំបូងនេះ បាននិងកំពុងអនុវត្ត តាមផែនការ ដោយនៅតាមការដ្ឋានសាងសង់ពុំមានបញ្ហារាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ។ តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពី បើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។

    គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។

    តាមគម្រោង ផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរ ក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

    នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំនិងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង៕ ប្រភព៖ ខ្មែរប៉ុស្តិ៍

     

    អត្ថបទទាក់ទង