ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយដល់លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ២រូបទៀត
ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យដែលបានធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ២រូបទៀត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
សូមរម្លឹកថា លោក សុន ឆ័យ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាច្រកតែមួយគត់ក្នុងការបើកផ្លូវឲ្យ អ្នកនយោបាយជាប់បម្រាមធ្វើនយោបាយដោយការសម្រេចរបស់តុលាការ ដើម្បីអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ ដើម្បីបាននីតិសម្បទាឡើងវិញនោះ អ្នកនយោបាយដែលជាប់បម្រាមតុលាការក្នុងការធ្វើនយោបាយ ត្រូវស្នើលិខិតទៅក្រសួងមហាផ្ទៃ ហើយបន្ទាប់ពីពិនិត្យពិច័យ ក្រសួងមហាផ្ទៃនឹងដាក់ស្នើនាយករដ្ឋមន្រ្តី ដើម្បីពិចារណាធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាផ្តល់នីតិសម្បទានយោបាយឡើងវិញ៕