ឯកឧត្ដម ហ៊ុន ម៉ានី បរិច្ចាគប្រាក់បៀវត្សចំនួន៧ខែក្នុងឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នឹងបរិច្ចាគប្រាក់បៀវត្ស ចំនួន៧ខែ ក្នុងឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ឯកឧត្ដម ហ៊ុន ម៉ានី បានប្រកាសយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី០៧ធ្នូម្សិលមិញ ពីការត្រៀមបម្រុងថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងជំហានដំបូង ចំនួន ១លានដូស មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន សប្បុរជន និងសាធារណជនទាំងអស់ ដែលបានបង្ហាញនូវទឹកចិត្តជួយគ្នា រួមគ្នា គិតគូរដល់សុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ៕